ព្រះត្រៃបិដក ភាគ ៧៤

ពួក​សមណៈ ជា​ពុទ្ធបុត្រ មានយស​ធំ​ទាំងនេះ ឆ្លងស្ទឹង​ទៅ​ទាំង​ល្ងាច​ទាំង​ព្រឹក នាំឲ្យ​ខ្លួន​លំបាក ខ្លួន​សមណៈ​ទាំងនោះ​ក៏​នឿយហត់។ ព្រះពុទ្ធ អ្នកផង​តែង​ពោល​ថា ជាកំពូល​របស់​សត្វលោក ព្រមទាំង​ទេវលោក ឯអាត្មាអញ​មិនទាន់​មាន​គ្រឿង​សក្ការៈ គឺ​ការ​ជម្រះ​ផ្លូវ​សម្រាប់​ដើរទៅ ចំពោះ​ទក្ខិណេយ្យ​បុគ្គល​នៅឡើយ។ បើ​ដូច្នោះ គួរតែ​អា​ត្មា​អញ​ញុំាង​ជន​ឲ្យ​ធ្វើ​ស្ពាន​ត្រង់​ស្ទឹង​គង្គា ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ លុះ​អាត្មាអញ​ឲ្យ​គេ​ធ្វើ​ស្ពាន​នេះ​រួចហើយ ឈ្មោះថា​អាត្មាអញ​បាន​ឆ្លង​នូវ​ភព​នេះ។ ខ្ញុំ​បាន​ចំណាយ​ទ្រព្យ​រាប់​រយ​រាប់ពាន់ ឲ្យ​គេ​ធ្វើ​ស្ពាន ខ្ញុំ​ជឿ​ថា សក្ការៈ​ដែល​ខ្ញុំ​ធ្វើ​ហើយ (នេះ) នឹង​មានផល​ធំ​ទូលាយ។ លុះ​ខ្ញុំ​ឲ្យ​គេ​ធ្វើ​ស្ពាន​នោះ​រួចហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​លោកនាយក ធ្វើ​អញ្ជលី​លើ​ត្បូង ហើយ​ក្រាបបង្គំទូល​ពាក្យ​នេះ​ថា បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ព្រះអង្គ​ចំណាយ​ទ្រព្យ​រាប់​រយ​រាប់ពាន់ ឲ្យ​គេ​ធ្វើ​ស្ពាន​នេះ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ សូម​ព្រះអង្គ​ទទួលយក​នូវ​ស្ពាន​ដ៏​ធំ​នេះ​ចុះ។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637643118768588909
ទៅកាន់ទំព័រ៖