ព្រះត្រៃបិដក ភាគ ៧៤
ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់លោក គួរទទួលគ្រឿងបូជា ស្តេចគង់នៅកណ្តាលភិក្ខុសង្ឃ ហើយត្រាស់គាថាទាំងនេះថា បុគ្គលណាជ្រះថ្លា បានឲ្យគេធ្វើស្ពានដោយដៃខ្លួនឯង ដើម្បីតថាគត ៗ នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ
បុគ្គលនេះ បើទុកជាធ្លាក់ទៅក្នុងជ្រោះ ឬធ្លាក់ពីភ្នំ ឬដើមឈើក្តី ច្យុតហើយក្តី រមែងបាននូវទីឈរ នេះជាផលនៃការឲ្យស្ពាន។ សត្រូវទាំងឡាយ មិនគ្របសង្កត់ (នូវបុគ្គលនេះបាន) ដូចជាខ្យល់ មិនអាចគ្របសង្កត់ដើមជ្រៃ ដែលមានឫសដុះមាំ នេះជាផលនៃការឲ្យស្ពាន។ ចោរទាំងឡាយ មិនអាចនឹងគ្របសង្កត់បុគ្គលនេះបានទេ ពួកក្សត្រក៏មិនមើលងាយបានដែរ (បុគ្គលនេះ) នឹងឆ្លងផុតសត្រូវទាំងពួង នេះជាផលនៃការឲ្យស្ពាន។ បុគ្គលប្រកបដោយបុញ្ញកម្មនេះ បើទុកជានៅក្នុងទីវាល ដែលហាលដោយកំដៅថ្ងៃដ៏ក្លាខ្លាំង ក៏នឹងមិនមានវេទនាឡើយ។ យានដំរី ដែលជាបុញ្ញកម្មនិម្មិតល្អហើយ ក្នុងទេវលោក ឬក្នុងមនុស្សលោក នឹងកើតឡើងក្នុងខណៈនោះ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់បុគ្គលនោះ។
ID: 637643119038276379
ទៅកាន់ទំព័រ៖