ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានចូលទៅជិតព្រះសម្ពុទ្ធ ដែលទ្រង់មានសម្បុរដូចមាស ទ្រង់គង់ស្មឹងស្មាធិ៍ នៅជិតត្រើយទន្លេ ព្រះអង្គដូចដំរីមាតង្គៈចុះប្រេង ៣ អន្លើ ដែលគ្របសង្កត់បានដោយកម្រ ទ្រង់មានបញ្ញាចាស់ មានឥន្ទ្រិយអប់រំហើយ ទើបខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តាជាម្ចាស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះនាលិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាលិបុប្ផិយត្ថេរាបទាន។
កុមុទមាលិយត្ថេរាបទាន ទី១០
[២០] ខ្ញុំយកកម្រងផ្កាកុមុទ ទៅបូជាព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ជាឧសភៈដ៏ប្រសើរ ទ្រង់មានព្យាយាម ជាអ្នកស្វែងរកនូវគុណដ៏ធំ ទ្រង់ឈ្នះមារ ជាមហាវិរបុរស ដូចរាជសីហ៍ ជាអភិជាតិ ទ្រង់គួរទទួលគ្រឿងបូជា កំពុងពុទ្ធដំណើរក្នុងច្រក។
ID: 637643025921692038
ទៅកាន់ទំព័រ៖