ព្រះត្រៃបិដក ភាគ ៧៤

ពួក​ឥសី​ទាំងនោះ កាន់​យក​ស្នូក​លោហជាតិ នៅក្នុង​កណ្តាល​ព្រៃ ដូចជា​ដំរី​ដ៏​ប្រសើរ ឬដូច​ជា​កេសរ​រាជសីហ៍ មិន​មាន​សេចក្តី​តក់ស្លុត​ឡើយ។ ពួក​ឥសី​ខ្លះ ទៅកាន់​គោយានទ្វីប ខ្លះទៅ​កាន់​បុព្វវិទេហ​ទ្វីប ខ្លះទៅ​កាន់​ឧត្តរកុរុ​ទ្វីប ដោយ​មិន​អើពើ​នឹង​សំពត់​កម្ពល​របស់​ខ្លួន។ ពួក​ឥសី​ទាំងនោះ នាំ​យក​បិណ្ឌបាត​អំពី​ទ្វី​បនោះៗ មក​ឆាន់​ជាមួយគ្នា កាលបើ​ពួក​ឥសី​ទាំងអស់ មាន​តេជះ​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​តា​ទិ​គុណ ចៀសចេញ​ទៅ​ហើយ ព្រៃ​ក៏​លាន់ឮ​កងរំពង​ឡើង ដោយ​សំឡេង​នៃ​ស្បែក​ខ្លា ក្នុង​កាលនោះ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ពួក​សិស្សរបស់​ខ្ញុំ​ទាំងនោះ ប្រាកដ​បែបនេះ សុទ្ធតែ​ជា​អ្នកមាន​តបៈ​ដ៏​ខ្ពង់ខ្ពស់ ខ្ញុំ​មាន​ពួក​សិស្ស​ទាំងនោះ​ចោមរោម​ហើយ នៅក្នុង​អាស្រម​របស់ខ្ញុំ។ ពួក​សិស្ស​ទាំង​នុ៎ះ ដែល​មក​ប្រជុំ​គ្នា ជា​អ្នក​ត្រេកអរ​ដោយ​កុសលកម្ម​របស់​ខ្លួន មានខ្លួន​ទូន្មាន​ហើយ ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​ចំពោះ​កុសលកម្ម​របស់​ខ្លួន មាន​សីល មាន​ប្រាជ្ញា​ចាស់ ជា​អ្នក​ឈ្លាសវៃ​ក្នុង​អប្ប​មញ្ញា​ទាំងឡាយ ធ្វើឲ្យ​ខ្ញុំ​រីករាយ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637643120977963841
ទៅកាន់ទំព័រ៖