ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំដឹងខន្ធរបស់ខ្លួន និងសត្វដទៃ ដែលអាស្រ័យនៅក្នុងកាលមុន ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ អាសវៈទាំងឡាយរបស់ខ្ញុំអស់រលីងហើយ នេះជាផលនៃពុទ្ធបូជា។ ជាតិខាងមុខ ខ្ញុំបានលះបង់ហើយ ខ្ញុំបានជាឱរសនៃព្រះពុទ្ធ ជាអ្នកទទួលមត៌កក្នុងព្រះសទ្ធម្ម នេះជាផលនៃពុទ្ធបូជា។ ខ្ញុំបានញុំាងព្រះសុគត ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យប្រោសប្រាណ ជាអ្នកទ្រទ្រង់ធម៌ ជាអ្នកទទួលមត៌កក្នុងធម៌ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំបានបម្រើព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ហើយបានក្រាបទូលសួរផ្លូវដែលគប្បីទៅកាន់ត្រើយ គឺព្រះនិព្វាន ចំពោះព្រះលោកនាយក។ ព្រះពុទ្ធដែលខ្ញុំអារាធនាហើយ ទ្រង់សម្តែងនូវបទ គឺព្រះនិព្វាន ជាគុណជាតដ៏ល្អិតជ្រាលជ្រៅ ខ្ញុំលុះបានស្តាប់ធម៌របស់ព្រះពុទ្ធនោះហើយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ឱហ្ន៎! អំពើល្អ ខ្ញុំបានធ្វើហើយ ខ្ញុំបានរួចស្រឡះចាកជាតិហើយ មានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។
ID: 637643122757026416
ទៅកាន់ទំព័រ៖