ព្រះត្រៃបិដក ភាគ ៧៤
បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង។ នឹងបានជាព្រះឥន្រ្ទសោយទេវរាជ្យ អស់ ៣២ ដង នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ បុគ្គលនោះ នឹងបាននូវបល័្លង្កជាវិការៈនៃមាស ជាវិការៈនៃវត្ថុជាទីគាប់ចិត្ត ជាវិការៈនៃកែវទទឹម ជាវិការៈនៃកែវជាច្រើន ដែលបុញ្ញកម្មបានតាក់តែងល្អហើយ។ បល័្លង្កទាំងឡាយជាច្រើន ចោមរោមបុគ្គលអ្នកប្រកបដោយបុញ្ញកម្មនោះ សូម្បីកាលដើរទៅដើរមកសព្វៗ កាល។ ផ្ទះមានកំពូលប្រាសាទ និងទីសម្រាប់ដេក មានតម្លៃច្រើន នឹងកើតក្នុងខណៈនោះ ព្រោះដឹងចិត្តរបស់បុគ្គលនេះ។ ដំរី ៦០ ពាន់ ដែលគេស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ជាដំរីដ៏ប្រសើរ មានខ្សែដង្គន់មាស ប្រកបដោយគ្រឿងតាក់តែងក្បាលជាវិការៈនៃមាស។ ដំរីទាំងនោះ ដែលពួកហ្មមានដៃកាន់លំពែងស្នែងក្របី និងកង្វេរឡើងជិះហើយ នឹងបម្រើបុគ្គលនេះ នេះជាផលនៃការថ្វាយតាំងជាវិការៈនៃកែវ។
ID: 637643124157963935
ទៅកាន់ទំព័រ៖