ព្រះត្រៃបិដក ភាគ ៧៤

សេះ ៦០ ពាន់ ប្រដាប់ដោយ​គ្រឿងអលង្ការ​ទាំងពួង ជា​អាជានេយ្យ អំពី​កំណើត ជា​សេះ​សិន្ធព ជា​ពាហនៈ​ដ៏​លឿន។ សេះ​ទាំងនោះ ដែល​នាយ​សារថី មានដៃ​កាន់​ធ្នូ និង​ខែល​ឡើងជិះ​ហើយ នឹង​បម្រើ​បុគ្គល​នេះ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​តាំង ជា​វិការៈ​នៃ​កែវ។ រថ​ទាំង ៦០ ពាន់ ដែល​តាក់តែងដោយ​គ្រឿងប្រដាប់​គ្រប់យ៉ាង បិទបាំង​ដោយ​ស្បែក​ខ្លាដំបង ខ្លាធំ ដែលគេ​ប្រដាប់​ហើយ លើក​ទង់ជ័យ មាន​ពួក​នាយ​សារថី មានដៃ​កាន់​ធ្នូ និង​ខែល ឡើងជិះ​ហើយ នឹង​ចោមរោម​បុគ្គល​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ការ​ថ្វាយ​តាំង​ជា​វិការៈ​នៃ​កែវ។ ពួក​មេគោ​មាន​ទឹកដោះ ៦០ ពាន់ មេគោ និង​ពួក​គោឧសភ​ដ៏​ប្រសើរ នឹង​ញុំាង​កូន​ទាំងឡាយ​ឲ្យ​កើត នេះ​ជា​ផល​នៃ​ការ​ថ្វាយ​តាំង​ជា​វិការៈ​នៃ​កែវ។ ពួក​ស្ត្រី ១៦ ពាន់ ស្អិតស្អាង​ដោយ​គ្រឿងប្រដាប់​គ្រប់យ៉ាង មាន​សំពត់ និង​គ្រឿង​អាភរណៈ​ដ៏​វិចិត្រ ពាក់​កែវ​មុក្តា កែវមណី និង​កុណ្ឌល ទាំង​មានមុខ​ទូលាយ មានមុខ​ស្រស់ស្រាយ មាន​ត្រគាកសាយ ទាំង​មាន​ចង្កេះ​រៀវ នឹង​ចោមរោម​បុគ្គល​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ការ​ថ្វាយ​តាំង​ជា​វិការៈ​នៃ​កែវ។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637643124384839796
ទៅកាន់ទំព័រ៖