ព្រះត្រៃបិដក ភាគ ៧៤

កាល​អ្នក​បច្ចន្តគ្រាម​បះបោរ​ឡើង​ហើយ ព្រះរាជា​ទ្រង់​ឲ្យ​ប្រជុំ​គ្នា​យ៉ាង​ប្រញាប់ គឺ​ទ្រង់​ញុំាង​អាមាត្យ និង​រាជទូត​ទាំងឡាយ​ឲ្យ​សង្កត់សង្កិន​សត្រូវ​ក្នុង​កាលនោះ។ ពលដំរី ពលសេះ ពល​ពាក់​គ្រឿង​ក្រោះ ពល​កាន់​ធ្នូ និង​ពល​រថ​ទាំងអស់ សុទ្ធតែ​ជា​អ្នក​ក្លៀវក្លា មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ ពួក​អ្នក​គ្រួ ពួក​អ្នក​ខ្មាន់​ព្រះកេស ពួក​អ្នក​ផ្ងូត​ទឹក ពួក​អ្នកធ្វើ​ផ្កាកម្រង​ទាំងអស់ សុទ្ធតែ​ជា​ពួក​ពិជ័យ​សង្រ្គាម​ដ៏​ក្លាហាន មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ ពួក​បុរស​មាន​ដាវ​ក្នុង​ដៃ មាន​ធ្នូ និង​ខែល​ក្នុង​ដៃ​ទាំងអស់ សុទ្ធតែ​ជា​ពួក​ពិជ័យ​សង្រ្គាម​ដ៏​កាច មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ ពួក​ដំរី​ដ៏​ប្រសើរ​មាន​អាយុ ៦០ ឆ្នាំ មាន​ខ្សែ​ដង្គន់ និង​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​មាស សុទ្ធតែ​ជា​ដំរីចុះប្រេង ៣ អន្លើ ទាំងអស់​មក​ប្រជុំ​គ្នា​ក្នុង​ទីនោះ។ ក្រុម​យុទ្ធនាធិការ​ទាំងអស់ ដែល​មានការ​ងារ​ធ្វើ​ហើយ ជា​អ្នក​អត់ធ្មត់​ចំពោះ​ត្រជាក់ ក្តៅ និង​ការ​បន្ទោបង់​នូវ​លាមក មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ សំឡេង​ស័ង្ខ សំឡេង​ស្គរ ជា​សំឡេង​លាន់ឮ​ឡើង ពួក​ជន​ទាំងអស់​នោះ​រីករាយ​ដោយ​សំឡេង​នុ៎ះ មក​ប្រជុំ​គ្នា​ក្នុង​កាលនោះ។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637643125529526392
ទៅកាន់ទំព័រ៖