ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​លះបង់​នូវ​មេគោ​ដែល​មាន​ទឹកដោះ ៦០ ពាន់ និង​គ្រឿង​សម្រាប់​ទ្រ​ភាជន៍​ទាំងអស់ ហើយ​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​លះបង់​ពួក​ស្រី ៦០ ពាន់ ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​គ្រប់យ៉ាង មាន​សំពត់ និង​គ្រឿង​អាភរណៈ​ដ៏​វិចិត្ត ពាក់​កែវមណី និង​កុណ្ឌល មានមុខ​ទូលាយ មានមុខ​ស្រស់ស្រាយ មាន​ត្រគាកសាយ មាន​ចង្កេះ​មូល​រៀវ កំពុង​កន្ទក់កន្ទេញ​ទាំងនោះ ហើយ​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​លះបង់​ស្រុក ៦០ ពាន់ បរិបូណ៌​ដោយ​វត្ថុ​គ្រប់យ៉ាង និង​រាជ្យ​នោះ ហើយ​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​ចេញ​ចាក​នគរ​ហើយ ចូល​ទៅកាន់​ព្រៃ​ហេមពាន្ត សាង​អាស្រម​មួយ​ទៀប​ឆ្នេរ​ស្ទឹង​ភាគី​រសី។ ខ្ញុំ​ធ្វើ​បណ្ណសាលា​រួចហើយ ធ្វើ​រោង​ភ្លើង ខ្ញុំ​មាន​ព្យាយាម​ប្រារព្ធ​ហើយ មានចិត្ត​បញ្ជូន​ទៅ​ហើយ​ក្នុង​អាស្រម។ កាល​ខ្ញុំ​ចម្រើនឈាន​នៅក្នុង​មណ្ឌប​ក្តី ទៀប​គល់ឈើ​ក្តី ក្នុង​ផ្ទះ​ស្ងាត់​ក្តី ខ្ញុំ​មិន​មាន​សេចក្តី​តក់ស្លុត​ឡើយ ខ្ញុំ​មិនដែល​ចួប​ប្រទះ​ភ័យ​ដែល​គួរឲ្យ​ខ្លាច​ឡើយ។ ព្រះសម្ពុទ្ធ ព្រះនាម​សុមេធ ជា​អ្នកប្រាជ្ញ​ដ៏​ប្រសើរ ប្រកបដោយ​ករុណា ទ្រង់​រុងរឿង​ដោយ​ពន្លឺ​គឺ​ញាណ កើតឡើង​ក្នុង​លោក ក្នុងខណៈនោះ​ឯង។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637643126192807644
ទៅកាន់ទំព័រ៖