ព្រះត្រៃបិដក ភាគ ៧៤
យក្សមួយមានឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ កាលព្រះពុទ្ធដ៏ប្រសើរកើតឡើងហើយ ក៏ប្រាប់ខ្ញុំក្នុងកាលនោះថា ព្រះពុទ្ធព្រះនាមសុមេធ មានបញ្ញាចក្ខុកើតហើយក្នុងលោក ទ្រង់ញុំាងប្រជុំជនទាំងអស់ឲ្យឆ្លងហើយ ទ្រង់មុខជាចម្លងអ្នកដែរ។ ខ្ញុំមានសេចក្តីស្ញប់ស្ញែងកើតឡើង ក្នុងខណៈនោះ ព្រោះឮពាក្យយក្សនោះ ខ្ញុំគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ហើយរៀបចំនូវអាស្រម។ ខ្ញុំលះបង់ឧសសម្រាប់ដុតភ្លើង រៀបក្រាលកម្រាល រួចថ្វាយបង្គំអាស្រម ហើយចេញអំពីព្រៃធំ។ ខ្ញុំកាន់យកខ្លឹមចន្ទន៍អំពីព្រៃធំនោះ ហើយចេញពីស្រុកមួយចូលទៅកាន់ស្រុកមួយ ចេញពីបុរីមួយ ចូលទៅកាន់បុរីមួយ ស្វែងរកព្រះពុទ្ធ ជាទេវតាដ៏ប្រសើរជាងទេវតា ហើយចូលគាល់ព្រះលោកនាយក។
សម័យនោះឯង ព្រះមានព្រះភាគ ព្រះនាមសុមេធ ជាលោកនាយក ទ្រង់កំពុងប្រកាសនូវសច្ចៈ ៤ ញុំាងប្រជុំជនដ៏ច្រើននាក់ឲ្យត្រាស់ដឹង។ ខ្ញុំផ្គងអញ្ជលីប្រណម្យលើក្បាល ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយពោលនូវគាថាទាំងនេះថា
ID: 637643126484213967
ទៅកាន់ទំព័រ៖