ព្រះត្រៃបិដក ភាគ ៧៤

កាលបើ​ផ្កាម្លិះ​កំពុង​រីក ក្លិន​នោះ ក៏​ផ្សាយ​ទៅ​បានតែ​ក្នុង​ទី​ជិត កាលបើ​ផ្កា​ចម្បា ផ្កា​ខ្ទឹង ផ្កាម្លិះ ផ្ការំដួល ផ្កា​ការកេត និង​ផ្ការាំង​កំពុង​រីក ក្លិន​ក៏​ផ្សាយ​ទៅ​បានតែ​ក្នុង​ទី​បណ្តោយ​ខ្យល់ បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស ព្រះអង្គ​តែង​ផ្សាយ​ដោយ​ក្លិន​គឺ​គុណធម៌ សព្វទិសទី។ ខ្ញុំ​ព្រះអង្គ​ចេញ​ចាក​ព្រៃ​ហិមពាន្ត​មក​ក្នុង​ទីនេះ ព្រោះ​បាន​ធុំក្លិន​ព្រះអង្គ បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស ទ្រង់​ប្រសើរ​បំផុត​ក្នុង​លោក មានយស​ច្រើន ខ្ញុំ​ព្រះអង្គ​សូម​បូជា​ចំពោះ​ព្រះអង្គ។ ខ្ញុំ​បាន​លប់​លាប​ព្រះ​សុមេធ ជា​លោកនាយក ដោយ​ខ្លឹមចន្ទន៍​ដ៏​ប្រសើរ រួច​ហើយ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា អង្គុយ​នៅ​ស្ងៀម​ក្នុងខណៈនោះ។
 ព្រះមានព្រះភាគ ព្រះនាម​សុមេធ ប្រសើរ​បំផុត​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​គង់​ក្នុង​ភិក្ខុសង្ឃ ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា បុគ្គល​ណា បាន​សរសើរគុណ​តថាគត ទាំង​បាន​បូជា​ខ្លឹមចន្ទន៍​ដល់​តថាគត តថាគត​នឹង​សរសើរ​បុគ្គល​នោះ អ្នក​ទាំងឡាយ ចូរ​ស្តាប់​តថាគត​នឹង​សម្តែង​ចុះ។
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637643126776401376
ទៅកាន់ទំព័រ៖