ព្រះត្រៃបិដក ភាគ ៧៤

បុគ្គល​នេះ នឹង​មាន​ពាក្យសំដី​គេ​គួរ​ជឿ ជា​បុគ្គល​ប្រសើរ មានចិត្ត​ត្រង់ មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស មាន​ពន្លឺ​អស់ ២៥ កប្ប។ បុគ្គល​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ២៦ រយ​កប្ប នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់​មួយ​ពាន់​ដង នឹង​បាន​ជា​ព្រះ​ឥន្រ្ទ សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៣៣ ដង នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប។ មនុស្ស​នេះឯង លុះ​ច្យុត​ចាកទី​នោះ​មក នឹង​បាន​ទៅ​កើតជា​មនុស្ស ប្រកបដោយ​បុញ្ញកម្ម នឹង​មានផៅ​ពង្ស​ដ៏​ប្រសើរ។ ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ពាវ​រី ជា​អ្នក​ស្វាធ្យាយមន្ត ចេះចាំ​មន្ត ដល់​នូវ​ត្រើយ​វេទ​ទាំង ៣ បរិបូណ៌​ដោយ​លក្ខណៈ ៣ យ៉ាង។ បុគ្គល​នេះ នឹង​បាន​ជា​សិស្ស​ពាវ​រី​ព្រាហ្មណ៍​នោះ ជា​អ្នក​ដល់ត្រើយ​នៃ​មន្ត បាន​ចូល​គាល់​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជាស​ក្យៈ​ដ៏​ប្រសើរ។
 ខ្ញុំ​បាន​ទូល​សួរ​នូវ​ប្រស្នា​ដ៏​ល្អិត ហើយ​ញុំាង​ចិត្ត​ឲ្យ​រីករាយ កំណត់​ដឹង​អាសវៈ​ទាំងពួង ជា​អ្នក​មិន​មាន​អាសវៈ។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637643127015932569
ទៅកាន់ទំព័រ៖