ព្រះត្រៃបិដក ភាគ ៧៤

ពួក​ជន​ជាច្រើន​ទាំងអស់​ណា មាន​វណ្ណៈ​ផ្សេងៗគ្នា ដែល​ខ្ញុំ​បាន​ពណ៌នា​រួចហើយ ខ្ញុំ​ដឹងចិត្ត​នៃ​ជន​នោះ ហើយ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​រតនវត្ថុ។ កាលបើ​គេ​និយាយ​ពាក្យពីរោះ កាលបើ​គេ​ទួងស្គរ​ឡើង កាលបើ​គេ​ផ្លុំស័ង្ខ​ឡើង ខ្ញុំ​ត្រេកអរ​តែ​ក្នុង​ផ្ទះ​របស់​ខ្លួន។ សម័យ​នោះ ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រមទាំង​ព្រះ​ខីណាស្រព​មួយ​សែន​អង្គ កើតមានឡើង​ហើយ។ ព្រះសម្ពុទ្ធ​មាន​ចក្ខុ ព្រមដោយ​ភិក្ខុ​ទាំងឡាយ ទ្រង់​ស្តេច​ទៅតាម​ថ្នល់ រុងរឿង​ដូចជា​ដើម​ទីប​ព្រឹក្ស ដែ​លញុំាង​ទិស​ទាំងពួង​ឲ្យ​ភ្លឺ។ កាលបើ​ព្រះ​លោកនាយក​ស្តេច​យាង​ទៅ ស្គរ​ទាំងពួង ក៏​លាន់ឮ​ឡើង រស្មី​របស់​ព្រះពុទ្ធ​ក៏​ផ្សាយ​ចេញទៅ ហាក់ដូច​ព្រះអាទិត្យ​ទើបនឹង​រះ។ ខណៈនោះ ពន្លឺ​ដ៏​ធំ​ទូលាយ ចាំង​ចូល​ទៅ​ក្នុង​ផ្ទះ​ទាំងឡាយ ដោយ​រស្មីផ្សាយ​ចូល​ទៅតាម​ចន្លោះ​សន្ទះទ្វារ។ ខ្ញុំ​បានឃើញ​រស្មី​របស់​ព្រះពុទ្ធ​ហើយ បាន​ប្រាប់​បរិស័ទ​ខ្ញុំ​ថា ព្រះពុទ្ធ​ដ៏​ប្រសើរ ស្តេច​យាង​មក​តាម​ថ្នល់​នេះ​ដោយ​ឥត​សង្ស័យ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637643128490620105
ទៅកាន់ទំព័រ៖