ព្រះត្រៃបិដក ភាគ ៧៤

នរៈ​នេះ នឹង​សមាទានសីល ៥ ត្រេកអរ​ក្នុង​កុសលកម្មបថ ១០ ប្រព្រឹត្ត​សមាទាន​កុសលធម៌ ហើយ​នឹង​ញុំាង​បរិស័ទ​ឲ្យ​សិក្សា។ តូ​រ្យ​តន្រ្តី​មួយ​សែន និង​ពួក​នារី​មានខ្លួន​ប្រដាប់​ប្រពៃ តែង​គាល់​បម្រើ​នរៈ​នេះ​ជានិច្ច នេះ​ជា​ផល​នៃ​ការបម្រើ។ នរៈ​នេះ នឹង​ត្រេកអរ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ជា​ស្តេច​ទេវតា អស់ ៦៤ ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៧៤ ដង បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប។ កន្លងទៅ​មួយ​សែន​កប្ប នឹង​មាន​ព្រះ​សាស្តា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ព្រះបាទ​ឱក្កា​ករាជ្យ ត្រាស់​ដឹង​ក្នុង​លោក។ នរៈ​នេះ បើ​ចូល​ទៅកាន់​កំណើត​ណា ទោះជា​ទេវតា ឬជា​មនុស្ស នឹងជា​អ្នកមាន​ភោគៈ​មិន​ខ្វះខាត ក្នុង​បច្ឆិមជាតិ នឹង​បាន​នូវ​ភាពជា​មនុស្ស។ ក្នុង​កាលនោះ នរៈ​នេះ ជា​អ្នក​ស្វាធ្យាយមន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ កាល​ស្វែងរក​ប្រយោជន៍​ដ៏​ឧត្តម នឹង​ត្រាច់​ទៅតាម​ផែនដី។ នរៈ​នោះ លុះ​កាល​ជា​ខាងក្រោយ ក៏​ចេញ​បួស ត្រូវ​កុសល​មូល​ដាស់តឿន នឹង​តេ្រ​កអរ​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ព្រះនាម​គោតម។
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 637643128976401486
ទៅកាន់ទំព័រ៖