ព្រះត្រៃបិដក ភាគ ៧៤

ដើម​សម៉ កន្ទួតព្រៃ ស្វាយ ព្រីង សម៉ពិភេទក៍ ពទ្រា រាក់​ខ្មៅ ព្នៅ ជា​ឈើ​មាន​ផ្លែ​ច្រើន នៅ​ជិត​អាស្រម​របស់ខ្ញុំ។ ដើម​ក្លាំពាក់ និង​ដើមចេក បញ្ចេញ​ផ្កា ជិត​អាស្រម​របស់ខ្ញុំ​នោះ ក្លិន​ជា​ទិព្វ សាយភាយ​ទៅ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ដើម​អសោក វរី​ព្រឹក្ស និង​ដើម​ស្តៅ ជា​ឈើ​មាន​ផ្ការីក ក្លិន​ជា​ទិព្វ សាយភាយ​ទៅ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ដើម​ក្រូចឆ្មារ ក្រូចភ្លា និង​តិ​មិរ​ព្រឹក្ស មាន​ផ្ការីក ក្នុង​ទីនោះ ក្លិន​ជា​ទិព្វ សាយភាយ​ទៅ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ និ​គ្គុ​ណ្ឌិ​ព្រឹក្ស សរិ​និ​គ្គុ​ណ្ឌិ​ព្រឹក្ស និង​ដើម​ចម្បា មាន​ផ្ការីក​ក្នុង​ទីនោះ ក្លិន​ជា​ទិព្វ សាយភាយ​ទៅ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ស្រះ​បោក្ខរណី​នៅ​ជិត (អាស្រម​នោះ) មាន​ពួក​សត្វ​ចាក្រពាក​យំ​គឹកកង ដេរដាស​ដោយ​ផ្កា​លំចង់ ផ្កាឈូក និង​ផ្កា​ឧប្បល។ (ស្រះ​បោក្ខរណី​នោះ) មាន​ទឹកថ្លា មាន​ទឹក​ត្រជាក់ មាន​កំពង់​ល្អ ជាទី​រីករាយ​នៃ​ចិត្ត មាន​ទឹកថ្លា ដូចជា​កែវផលិក នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ឈូកក្រហម ឈូកស និង​ឧប្បល បញ្ចេញ​ផ្កា​ក្នុង​ស្រះ​នោះ ដេរដាស​ដោយ​ផ្កា​លំចង់​ទាំងឡាយ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637643129803432602
ទៅកាន់ទំព័រ៖