ព្រះត្រៃបិដក ភាគ ៧៤

ពួក​ត្រី​ស្លាត ត្រី​ក្បក ត្រីក្រាញ់ ត្រី​សណ្តាយ ត្រី​ថ្ពិន ពួក​ត្រី​ទាំងនោះ ហែល​ទៅមក​ក្នុង​ស្រះ​នោះ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ក្រពើ ក្រពា អណ្តើក ជា​សត្វ​ចាប់​គេ​ស៊ី និង​ពស់ថ្លាន់ ជា​សត្វ​រួបរឹត នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ ពួក​ព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិច និង​សាលិកា នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ នយិ​តា​ព្រឹក្ស ស្វាយ​ក្រអូប ដើមការ​កេត មាន​ផ្ការីក ក្នុង​ទីនោះ ក្លិន​ជា​ទិព្វ សាយភាយ​ទៅ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ត្រាច់​ទៅ​មក​រឿយៗ ក្នុង​ព្រៃធំ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ (ពួក​តាបស) ពេញដោយ​ភារៈ​គឺ​ផ្នួងសក់ ស្លៀកពាក់​សំពត់​ស្បែក​ខ្លា ត្រាច់​ទៅ​រឿយៗ ក្នុង​ព្រៃធំ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ តាបស​ពួក​ខ្លះ ទ្រទ្រង់​ស្បែក​ខ្លា មាន​ប្រាជ្ញា​ចាស់ ប្រព្រឹត្ត​ស្ងប់​រម្ងាប់ ជា​អ្នកមាន​អាហារ​តិច តាបស​ទាំងអស់​នោះ នាំឲ្យ​ល្អ​អាស្រម​របស់ខ្ញុំ។ គ្រានោះ តាបស​ទាំងនោះ កាន់​យក​នូវ​ដងរែក និង​សង្រែក ចូល​ទៅ​ក្នុង​ព្រៃ បរិភោគ​មើម​ឈើ និង​ផ្លែឈើ នៅ​ជិត​អាស្រម​របស់ខ្ញុំ។ តាបស​ទាំងនោះ មិនបាន​នាំមក​នូវ​ឧស និង​ទឹក​សម្រាប់​លាង​ជើង​ឡើយ (វត្ថុ​ទាំងនោះ) គឺ​ទេវតា​នាំមក​ដោយខ្លួនឯង ដោយ​អានុភាព​នៃ​តាបស​ទាំងអស់។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637643130008745141
ទៅកាន់ទំព័រ៖