ព្រះត្រៃបិដក ភាគ ៧៤
ពួកឥសី ៨៤ ពាន់រូប មកប្រជុំគ្នាក្នុងទីនោះ ពួកឥសីទាំងអស់នុ៎ះ សុទ្ធតែជាអ្នកមានឈាន ស្វែងរកប្រយោជន៍ដ៏ឧត្តម។ ក្នុងកាលនោះ ឥសីទាំងអស់នោះ ជាអ្នកមានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរ មានអប្បនាឈានដាស់តឿនហើយ ត្រាច់ទៅតាមអាកាស នៅជិតអាស្រមរបស់ខ្ញុំ។ ពួកឥសីទាំងនោះ ជាអ្នកមានចិត្តនឹងធឹង មានកិរិយាប្រព្រឹត្តស្ងប់ ប្រជុំគ្នាអស់ ៥ ថ្ងៃ ថ្វាយបង្គំលាគ្នា និងគ្នា មានមុខឆ្ពោះទៅកាន់ទិស ហើយចៀសចេញទៅ។ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ឈ្នះសត្រូវ ព្រះអង្គកំចាត់បង់ងងឹត ទ្រង់កើតឡើងក្នុងខណៈនោះ។ មានយក្សមួយ មានឫទ្ធិច្រើន នៅជិតអាស្រមរបស់ខ្ញុំ យក្សនោះសរសើរព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ប្រាប់ខ្ញុំថា ព្រះពុទ្ធអង្គនុ៎ះ ជាមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់កើតឡើងហើយ ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរទៅគាល់ព្រះសម្ពុទ្ធយ៉ាងឆាប់ៗ ខ្ញុំបានឮពាក្យយក្យហើយ មានចិត្តជ្រះថ្លា រៀបចំអាស្រមស្រេចហើយ ក៏ចេញអំពីព្រៃធំក្នុងកាលនោះ។
ID: 637643130224213860
ទៅកាន់ទំព័រ៖