ព្រះត្រៃបិដក ភាគ ៧៤
ពួកឈ្មួញជាច្រើនក្រុមទាំងប៉ុន្មានក្នុងលោក តែងពោលថា ព្រះអង្គជាបុគ្គលប្រសើរ ប្រកបដោយបញ្ញា ពួកជនទាំងនោះ សុទ្ធតែលុះក្នុងសំណាញ់ញាណរបស់ព្រះអង្គ។ ព្រះអង្គប្រកបដោយបញ្ញា ទ្រង់ញុំាងប្រជុំជនច្រើនឲ្យឆ្លងទុក្ខ ដោយញាណរបស់ព្រះអង្គ ជនទាំងឡាយ នឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខបាន ព្រោះអាស្រ័យនូវការឃើញព្រះអង្គ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ក្លិនណានីមួយ តែងផ្សាយទៅក្នុងលោក បពិត្រព្រះមហាមុនី ក្លិននោះ ពុំស្មើដោយក្លិនរបស់ព្រះអង្គជាបុញ្ញក្ខេត្តឡើយ។ បពិត្រព្រះមហាមុនី ព្រះអង្គមានចក្ខុ សូមញុំាងពួកសត្វឲ្យរួចចាកកំណើតតិរច្ឆាន និងនរក សូមសម្តែងនូវសន្តិបទ គឺព្រះនិពា្វន ឥតមានបច្ច័យតាក់តែងឲ្យទាន។
ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់នៅក្នុងភិក្ខុសង្ឃ ហើយត្រាស់គាថា ទាំងនេះថា បុគ្គលណា មានចិត្តជ្រះថ្លា បានបូជាញាណតថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ តថាគតនឹងសម្តែងដូចតទៅនេះ
ID: 637643130744995043
ទៅកាន់ទំព័រ៖