ព្រះត្រៃបិដក ភាគ ៧៤

អ្នក​ចូរ​អប់រំ​ធម៌​ទាំងនេះ ហើយ​ត្រេកអរ​នឹង​ប្រយោជន៍​សព្វ​សត្វ ចូរ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ ហើយ​អប់រំ​នូវ​មគ្គ​ដ៏​ប្រសើរ។ លុះ​ព្រះ​សព្វញ្ញូ​ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​ត្រាស់​នូវ​ភាសិត​ប្រៀនប្រដៅ​ខ្ញុំ​យ៉ាងនេះ​ហើយ ទើប​ស្តេច​ពុទ្ធដំណើរ​ទៅកាន់​អាកាស​ទៅ។ ខ្ញុំ​បាន​ជម្រះចិត្ត ក្នុង​កាលមុន ហើយ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​កាល​ជា​ខាងក្រោយ ក៏បាន​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត ដោយ​ការ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​នោះ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធ​សញ្ញា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​យញ្ញ​សាមិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ យញ្ញ​សាមិ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637643027855285689
ទៅកាន់ទំព័រ៖