ព្រះត្រៃបិដក ភាគ ៧៤

និ​មិត្ត​សញ្ញ​កត្ថេ​រាប​ទាន ទី៥


 [២៥] ខ្ញុំ​នៅក្នុង​អាស្រម ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា បាន​ក្រឡេក​ឃើញ​ម្រឹគ​មាន​សម្បុរ​ដូច​មាស ដែល​កំពុង​ត្រាច់​ក្នុង​ព្រៃធំ។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ម្រឹគ ហើយ​នឹកដល់​ព្រះសម្ពុទ្ធ​ជា​ច្បង​ក្នុង​លោក ទាំង​នឹកដល់​ព្រះ​ពុទ្ធ​ដទៃៗ ទៀត ដោយចិត្ត​ជ្រះថ្លា​នោះ​ថា ព្រះពុទ្ធ​ទាំងឡាយ​ណា ដែល​កន្លងទៅ​ហើយ​ក្តី ដែល​កំពុង​ត្រាស់​ដឹង​ក្នុង​បច្ចុប្បន្ន​នេះ​ក្តី ដែល​នឹង​មក​ត្រាស់​ដឹង​ក្នុង​អនាគតកាល​ក្តី ព្រះពុទ្ធ​ទាំង ៣ ពួក​នោះ រុងរឿង​ដូចជា​ស្តេចម្រឹគ យ៉ាងនេះ​ឯង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធ​សញ្ញា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​ព្រះអង្គ ព្រះនាម​អរញ្ញ​សត្ត ជា​ម្ចាស់ផែនដី ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637643028123879551
ទៅកាន់ទំព័រ៖