ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំនោះ ត្រូវកុសលមូលដាស់តឿន ក៏បានទៅកើតក្នុងទីនោះដដែល កាលខ្ញុំនៅក្នុងផ្ទៃមាតា កុសលក៏ទ្រទ្រង់ខ្ញុំក្នុងផ្ទៃនៃមាតាទៀត។ លុះខ្ញុំច្យុតចាកកាយនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស កាលនោះ ខ្ញុំមិនបានឃើញទោមនស្សក្នុងរវាងនោះសោះ។ ខ្ញុំច្យុតចាកឋានតាវត្តិង្សវិញ បានចុះមកកាន់ផ្ទៃមាតា លុះចេញចាកផ្ទៃហើយ ខ្ញុំបានស្គាល់សេចក្តីទុក្ខតែបន្តិចបន្តួច។ ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់អារាមរបស់ព្រះមានព្រះភាគ ព្រះនាមគោតម ជាសក្យបុត្រ ព្រះអង្គប្រកបដោយតាទិគុណ។ ខ្ញុំបានឃើញពួកភិក្ខុក្នុងអារាមនោះ លោកអ្នកធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ក្នុងពុទ្ធដីកាជាប្រធាន គឺសាសនាដែលទូលំទូលាយ មានជនចុះចូលច្រើន។ ក្នុងពេលនោះ ព្រះរាជាក្នុងក្រុងសាវត្ថី ព្រះនាមកោសល ស្តេចធ្វើរាជដំណើរទៅកាន់ដើមពោធិព្រឹក្សដ៏ឧត្តម ដោយរាជរថដែលទឹមដំរីដ៏ប្រសើរ។ លុះខ្ញុំឃើញដំរីដ៏ប្រសើរនៃព្រះរាជាអង្គនោះ ក៏នឹកឃើញបុព្វកម្មរបស់ខ្លួន បានផ្គងអញ្ជលី ដើរទៅក្នុងសម័យនោះដែរ។
ID: 637643029422005033
ទៅកាន់ទំព័រ៖