ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ដឹង​នូវ​ព្រះ​វាចា​ដ៏​អង់អាច ដែល​ព្រះសម្ពុទ្ធ​សម្តែង​ហើយ ក៏​មានចិត្ត​ជ្រះថ្លា មិន​ចិត្តរីករាយ ធ្វើ​សេចក្តី​រីករាយ​ឲ្យ​កើតឡើង​យ៉ាង​ខ្លាំង។ ខ្ញុំ​លះបង់​កំណើត​មនុស្ស​ហើយ ក៏បាន​ទៅកាន់​កំណើត​ជា​ទិព្វ វិមាន​របស់ខ្ញុំ ឧត្តម​ខ្ពស់ត្រដែត ជាទី​រីករាយ​នៃ​ចិត្ត។ កាល​ខ្ញុំ​ចេញពី​វិមាន គេ​រមែង​បាំង​ស្វេតច្ឆត្រ​ឲ្យ ខ្ញុំ​បាន​សញ្ញា​ក្នុង​កាលនោះ នេះ​ជា​ផល​នៃ​បុព្វកម្ម។ ក្នុង​កប្ប​ទី ៧០០ អំពី​កប្ប​នេះ ខ្ញុំ​ច្យុត​ចាក​ទេវលោក មក​កើតជា​មនុស្ស បាន​ជា​សេ្តច​ចក្រពត្តិ ៣៦ ជាតិ។ ខ្ញុំ​ច្យុត​ចាក​កាយ​នោះ មកកាន់​បូរី​ឈ្មោះ​តាវត្តិង្ស ហើយ​អន្ទោល​ទៅមក​តាមលំដាប់ ក៏បាន​មកកាន់​កំណើត​មនុស្ស​នេះ​ទៀត។ ពួក​ទេវតា​បាំង​ស្វេតច្ឆត្រ​ឲ្យ​ខ្ញុំ ខ្ញុំ​កាលដែល​ចុះ​កាន់​ផ្ទៃ​នៃ​មាតា ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ​អំពី​កំណើត ក៏បាន​ចូល​ទៅកាន់​ផ្នួស។ ព្រាហ្មណ៍​ឈ្មោះ​សុ​នន្ទ ជា​អ្នកចេះ​ចប់​មន្ត ព្រាហ្មណ៍​នោះ កាន់​យក​ឆត្រ​ជា​វិការៈ​នៃ​កែវ​ផ្លេក ប្រគេន​ដល់​អគ្គសាវ័ក។ ព្រះ​សារីបុត្ត ជា​អគ្គសាវ័ក ជា​អ្នកមាន​ព្យាយាម​ធំ មាន​ថ្វី​ព្រះ​ឱស្ឋ​ដ៏​ប្រសើរ បាន​អនុមោទនា ខ្ញុំ​បាន​ស្តាប់​នូវ​អនុមោទនា​របស់​ព្រះ​សារីបុត្ត​នោះ​ហើយ ក៏បាន​នឹកឃើញ​បុព្វកម្ម។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637643032153098242
ទៅកាន់ទំព័រ៖