ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្បទី ១៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមសហស្សរាជ ទ្រង់មានសមុទ្រទាំង ៤ ជាទីបំផុត ជាធំជាងពួងជន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះឧទកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧទកបូជកត្ថេរាបទាន។
បុន្នាគបុប្ផិយត្ថេរាបទាន ទី៣
[៣៣] ខ្ញុំបានកើតជាព្រានព្រៃ អាស្រ័យនៅក្នុងព្រៃធំ បានឃើញនូវឈើបុន្នាគ ដែលមានផ្ការីក ក៏នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបេះយកផ្កាដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ល្អនោះ ធ្វើជាព្រះស្តូបលើផ្នូកខ្សាច់ ហើយបូជាចំពោះព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637643033642790378
ទៅកាន់ទំព័រ៖