ព្រះត្រៃបិដក ភាគ ៧៤

ផុស្សិ​តកម្មិ​យត្ថេ​រាប​ទាន ទី៥


 [៣៥] កាលនោះ ព្រះសម្ពុទ្ធ ព្រះនាម​វិបស្សី ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​នរជន បរិបូណ៌​ដោយ​ព្រះ​ខីណាស្រព ទ្រង់​គង់នៅ​ក្នុង​សង្ឃា​រាម។ ព្រះ​វិបស្សី​លោកនាយក​អង្គ​នោះ ស្តេច​ចេញ​អំពី​ទ្វារ​អារាម មួយអន្លើដោយ​ព្រះ​ខីណាស្រព ៨ សែន​អង្គ។ ខ្ញុំ​ស្លៀក​ស្បែក​ខ្លាឃ្មុំ ដណ្តប់​សម្បកឈើ ហើយ​ដង​យក​ទឹក​អណ្តូង កាន់​ដើរចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ។ ខ្ញុំ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា មាន​សេចក្តី​ត្រេកអរ​កើតឡើង ក៏​ធ្វើ​អញ្ជលី យក​ទឹក​អណ្តូង​នោះ ប្រស់​ព្រំ​ព្រះសម្ពុទ្ធ។ ហេតុតែ​កុសលកម្ម​នោះ ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ សម្តែង​នូវ​កម្ម​នោះ​ដល់​ខ្ញុំ ហើយ​ស្តេច​ពុទ្ធដំណើរ​ទៅកាន់​ទី​គួរ​តាម​បា្រ​ថ្នា ខ្ញុំ​បាន​បូជា​ព្រះ​ជិនស្រី ដោយ​ទឹក​ប្រាំ​ពាន់​តំណក់ បាន​សោយ​ទេវរាជ ៣ ពាន់​ដងដោយ​កន្លះ (២៥០០)។ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៣ ពាន់​ដង ដោយ​កន្លះ បាន​ដល់​អរហត្ត ដោយ​កុសលកម្ម​ដ៏​សេសសល់។ ខ្ញុំ​បាន​ជា​ស្តេច​នៃ​ទេវតា ជាធំ​ជាង​ពួក​មនុស្ស ក្នុង​កាលណា កាលនោះ ឈ្មោះ​របស់ខ្ញុំ​នោះ ក៏​ឈ្មោះ​ថា​ផុស្សិ​ត។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637643036386853123
ទៅកាន់ទំព័រ៖