ព្រះត្រៃបិដក ភាគ ៧៤
មួយទៀត កាលខ្ញុំកើតជាទេវតា ឬកើតជាមនុស្ស គ្រាប់ភ្លៀងរមែងបង្អុរចុះដល់ខ្ញុំមួយព្យាយាមដោយជុំវិញ។ ខ្ញុំគាស់រំលើងភពចោលហើយ ខ្ញុំដុតបំផ្លាញពួកកិលេសអស់ហើយ ខ្ញុំជាអ្នកអស់អាសវៈទាំងពួងហើយ នេះជាផលនៃតំណក់ទឹក។ កាយរបស់ខ្ញុំមានក្លិនក្រអូបផ្សាយទៅ ដូចក្លិននៃខ្លឹមចន្ទន៍ ក្លិនដែលជាប់នឹងសរីរៈរបស់ខ្ញុំ រមែងផ្សាយទៅបានក្នុងទីកន្លះក្រោស (២៥០ជួរធ្នូ)។ ពួកជន គ្រាន់តែធុំក្លិនខ្ញុំក៏ស្គាល់ខ្ញុំ ដែលមានក្លិនទិព្វផ្សព្វផ្សាយ ប្រកបដោយបុញ្ញកម្មថា ឱ! ផុស្សិតៈមកក្នុងទីនេះហើយ។ សូម្បីតែមែកឈើ ស្លឹកឈើ កំណាត់ឈើ និងស្មៅ ក៏ហាក់ដូចជាដឹងបំណងរបស់ខ្ញុំដោយសព្វគ្រប់ ហើយបញ្ចេញនូវក្លិនក្នុងខណៈនោះ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយនូវតំណក់ទឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃតំណក់ទឹក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ។ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643036595291064
ទៅកាន់ទំព័រ៖