ព្រះត្រៃបិដក ភាគ ៧៤

ការណ៍​នោះ មិន​សមគួរ​ទេ។ ទើប​ខ្ញុំ​ជម្រះ ស្មៅ និង​ឈើ​វល្លិ លើ​ព្រះ​ចេតិយ ហើយ​ថ្វាយបង្គំ រួច​ថយក្រោយ​អស់ ៨ ជំហាន រួច​ដើរចេញ​ទៅ។ លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស ដោយ​កុសលកម្ម​ដែល​ខ្លួន​សាង​ល្អ​នោះ​ផង ដោយ​ការ​តាំង​ចេតនា​នោះ​ផង វិមាន​របស់ខ្ញុំ​ដែល​បុញ្ញកម្ម​តាក់តែង​ល្អ​ហើយ ក្នុង​ឋាន​តាវត្តិង្ស​នោះ មាន​វណ្ណៈ​ភ្លឺផ្លេក​ដូច​មាស មាន​កំពស់ ៦០ យោជន៍ មាន​ទំហំ ៣០ យោជន៍។ ខ្ញុំ​បាន​សោយ​ទេវ​រាជ្យ អស់ ៣០០ ដង បាន​កើតជា​សេ្តច​ចក្រពត្តិ ២៥ ដង​ទៀត។ ខ្ញុំ​កាល​អន្ទោល​ទៅ​ក្នុង​ភព​ធំ​តូច​ភព​តូច រមែង​បាន​ភោគៈ​ច្រើន ការ​ខ្វះខាត​ដោយ​ភោគៈ របស់ខ្ញុំ​មិន​មាន​ឡើយ នេះ​ជា​ផល​នៃ​ការ​ជម្រះ។ កាល​ខ្ញុំ​ទៅ​ក្នុង​ព្រៃធំ តែង​ទៅ​ដោយ​គ្រែស្នែង ឬជិះ​លើ ក ដំរី ខ្ញុំ​ទៅកាន់​ទិស​ណាៗ ព្រៃ​រមែង​សម្រេច​ជាទី​ពឹង (របស់ខ្ញុំ​ក្នុង​ទិ​សនោះៗ)។ ខ្ញុំ​ប្រកប​ហើយដោយ​បុញ្ញកម្ម មិនដែល​ឃើញ​ដង្គត់ ឬបន្លា​ដោយ​ចក្ខុ​ឡើយ ដង្គត់​ជាដើម​នោះ តែង​ចៀសចេញ​ទៅ​ឯងៗ។ ខ្ញុំ​មិនដែល​កើតរោគ​ឃ្លង់ ពក ស្រែង ឆ្កួតជ្រូក ឃ្លង់ដែក ដំ​នួច​ពិស ឬក​មរ​មាស់​ឡើយ នេះ​ជា​ផល​នៃ​ការ​ជម្រះ។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637643037233259831
ទៅកាន់ទំព័រ៖