ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំមិនដែលស្គាល់ពក ឬផ្តួច កើតក្នុងកាយរបស់ខ្ញុំទេ។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំតែងអន្ទោលទៅកើតក្នុងភពពីរ គឺទេវតា ឬមនុស្ស។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូប ដែលខ្ញុំជម្រះនោះ ខ្ញុំមានសម្បុរដូចមាស មានរស្មីរុងរឿងក្នុងទីទាំងពួង។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ សេចក្តីមិនគាប់ចិត្តតែងចៀសវាង សេចក្តីគាប់ចិត្តតែងប្រាកដឡើង។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ ចិត្តរបស់ខ្ញុំស្អាតល្អ ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តខ្ជាប់ខ្ជួន។ ខ្ញុំមានសេចក្តីអស្ចារ្យដទៃទៀត គឺព្រោះតែពុទ្ធស្តូបដែលខ្ញុំជម្រះនោះ ខ្ញុំអង្គុយលើអាសនៈតែមួយ ក៏បានដល់នូវព្រះអរហត្ត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការជម្រះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643037434977812
ទៅកាន់ទំព័រ៖