ព្រះត្រៃបិដក ភាគ ៧៤
កាលខ្ញុំចេញអំពីផ្ទះ ព្រះសយម្ភូ ជាអគ្គបុគ្គលសាស្តាចារ្យ ទ្រង់ប្រថាប់ត្រង់ថ្នល់ ហើយធ្វើអនុមោទនាថា បុគ្គលណា មានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានថ្វាយសាដកដល់តថាគត តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ បុគ្គលអ្នកថ្វាយសាដកនេះ នឹងបានរីករាយក្នុងទេវលោក អស់ ៣០០០០ កប្ប កើតជាព្រះឥន្ទ សោយទេវរាជ្យ ៥០ ដង បុគ្គលអ្នកបរិបូណ៌ដោយបុញ្ញកម្មនេះ កាលនៅក្នុងទេវលោក មានសំពត់បិទបាំងដោយជុំវិញ ១០០ យោជន៍ នឹងបានជាស្តេចចក្រពត្តិ ៣៦ ដង សោយបទេសរាជ្យដ៏ដំទូលាយ រាប់បានមួយអសង្ខេយ្យកប្ប បុគ្គលដែលបរិបូណ៌ដោយបុញ្ញកម្មនេះ កាលអន្ទោលទៅក្នុងភព វត្ថុទាំងពួងដែលចិត្តចង់បាន នឹងកើតមួយរំពេច។ បុគ្គលនេះ នឹងបានសំពត់ទាំងឡាយ គឺសំពត់សូត្រ សំពត់រោមសត្វ សំពត់សំបកឈើ និងសំពត់កប្បាស ដ៏មានតម្លៃច្រើន។ បុគ្គលនេះ នឹងបាននូវសម្បត្តិទាំងពួងតាមចិត្តប្រាថ្នា នឹងបានទទួលនូវផលនៃសំពត់មួយនេះ សព្វកាល។
ID: 637643038759822405
ទៅកាន់ទំព័រ៖