ព្រះត្រៃបិដក ភាគ ៧៤

ខាងក្រោយ​មក បុគ្គល​នោះ ត្រូវ​កុសល​មូល​ដាស់តឿន នឹង​បាន​បួស ហើយនឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​របស់​ព្រះមានព្រះភាគ ព្រះនាម​គោតម។ ឱ ហ៎្ន! កុសលកម្ម​ដែល​ខ្ញុំ​បាន​សាង​ល្អ​ហើយ ចំពោះ​ព្រះសម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ព្រោះតែ​បាន​ថ្វាយ​សំពត់​សាដក​មួយ ខ្ញុំ​ក៏បាន​ដល់​នូវ​ព្រះនិព្វាន ឈ្មោះ​អមតៈ។ កាល​ខ្ញុំ​នៅក្នុង​មណ្ឌប​ក្តី នៅ​ទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី ដំបូល​សំពត់​តែង​បិទបាំង​ខ្ញុំ ប្រវែង​មួយ​ព្យាយាម​ដោយ​ជុំវិញ។ ខ្ញុំ​ស្លៀកដណ្តប់​ចីវរប្បច្ច័យ មិនបាច់​សុំ​ជន​ដទៃ​ផង ជា​អ្នក​បាន​នូវ​បាយ និង​ទឹក​ផង នេះ​ជា​ផល​នៃ​សំពត់​សាដក។ ក្នុង​មួយ​សែន​កប្ប អំពី​កប្ប​នេះ កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សំពត់​សាដក។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧត្តរេ​យ្យ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧត្តរេ​យ្យ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637643039064040597
ទៅកាន់ទំព័រ៖