ព្រះត្រៃបិដក ភាគ ៧៤
ធម្មស្សវនិយត្ថេរាបទាន ទី៩
[៣៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង កំពុងប្រកាសសច្ចៈ ៤ ចម្លងមហាជន។ សម័យនោះ ខ្ញុំជាជជិលមានតបៈដ៏ខ្ពង់ខ្ពស់ កំពុងរលាស់សំពត់សម្បកឈើ ហោះទៅឰដ៏អាកាស។ តែខ្ញុំមិនអាចនឹងទៅពីខាងលើនៃព្រះសម្ពុទ្ធដ៏ប្រសើរបាន ក្នុងកាលនោះ ខ្ញុំក៏ខានធ្វើដំណើរទៅ ដូចសត្វស្លាបដែលជាប់នៅនឹងភ្នំ។ ទើបខ្ញុំគិតថា ការខកដំណើរបែបនេះ អាត្មាអញមិនធ្លាប់កើតមានទេ អាត្មាអញទៅឰដ៏អាកាសម្តងនេះ ដូចបើកភ្នែកក្នុងទឹក ប្រហែលមានមនុស្សអស្ចារ្យ អង្គុយនៅឰដ៏ខាងក្រោមទេដឹង បើដូច្នោះ អាត្មាអញនឹងស្វែងរកមនុស្សនេះ បើឃើញ គង់នឹងបានប្រយោជន៍ខ្លះ មិនខានឡើយ។ កាលនោះ ខ្ញុំចុះអំពីអាកាសមក បានស្តាប់ព្រះសូរសៀងព្រះសាស្តា ដែលកំពុងសម្តែងអនិច្ចតាធម៌ ខ្ញុំក៏បានរៀននូវអនិច្ចតាធម៌នោះ។ លុះខ្ញុំរៀនអនិច្ចសញ្ញាហើយ ក៏ដើរទៅកាន់អាស្រមរបស់ខ្ញុំ ខ្ញុំនៅដរាបដល់អស់អាយុ ក៏ធ្វើមរណកាលក្នុងទីនោះ។
ID: 637643039367478186
ទៅកាន់ទំព័រ៖