ព្រះត្រៃបិដក ភាគ ៧៤
កាលជវនចិត្តទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំនឹកឃើញនូវការស្តាប់ធម៌នោះ ក៏បានទៅកើតឯឋានតាវត្តិង្ស ព្រោះកុសលកម្មដែលខ្ញុំធ្វើនោះ។ ខ្ញុំបានរីករាយក្នុងទេវលោក អស់ ៣០.០០០ កប្ប បានសោយទេវរាជ្យ ៥១ ដង។ ខ្ញុំបានកើតជាស្តេចចក្រពត្តិអស់ ៧១ ដង បានសោយប្រទេសរាជ្យដ៏ធំ រាប់បានមួយអសង្ខេយ្យកប្ប។ មានសមណៈមួយអង្គ មានឥន្រ្ទិយអប់រំហើយ អង្គុយក្នុងផ្ទះរបស់បិតាខ្ញុំ សម្តែងនូវគាថាទាក់ទងអនិច្ចវត្ថុ
(១) ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូចធំ តែងនឹកឃើញសញ្ញានោះ តែមិនទាន់បានត្រាស់ដឹងនូវធម៌ជាទីបំផុត គឺព្រះនិព្វានជាអច្ចុតបទនៅឡើយថា សង្ខារទាំងឡាយមិនទៀងមែនពិត មានការកើតឡើងហើយ វិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះ ទើបនាំមកនូវសេចក្តីសុខ។
(១) ផ្ទៃរឿងសេចក្តីយ៉ាងនេះវិញៈ កាលខ្ញុំនៅអន្ទោលទៅមក ក្នុងភពតូចភពធំ តែងនឹកឃើញនូវសញ្ញានោះ តែមិនទាន់ត្រាស់ដឹងនូវធម៌ជាទីបំផុត គឺព្រះនិព្វានជាអច្ចុតបទនៅឡើយ។ ស្រាប់តែមានសមណៈមួយអង្គ មានឥន្ទ្រិយអប់រំហើយ គង់នៅក្នុងផ្ទះបិតាខ្ញុំ ហើយសម្តែងគាថា ដែលទាក់ទងអនិច្ចវត្ថុថា សង្ខារទាំងឡាយមិនទៀងមែនពិត មានការកើតឡើងហើយ វិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងពួងនោះ ទើបនាំមកនូវសេចក្តីសុខ។
ID: 637643040099196727
ទៅកាន់ទំព័រ៖