ព្រះត្រៃបិដក ភាគ ៧៤

ឧក្ខិ​ត្ត​បទុមិ​យត្ថេ​រាប​ទាន ទី១០


 [៤០] កាលនោះ ខ្ញុំ​ជា​អ្នក​ក្រងផ្កា នៅក្នុង​ក្រុង​ហង្ស​វតី បាន​ចុះទៅ​ក្នុង​ស្រះ​ឈូក ហើយ​កាច់​យក​ផ្កាឈូក។ ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង មួយអន្លើដោយ​ព្រះ​ខីណាស្រព​មួយ​សែន​អង្គ ជា​អ្នកមាន​ចិត្តស្ងប់​រម្ងាប់ ប្រកបដោយ​តា​ទិ​គុណ មាន​សន្តាន​ស្អាត បាន​អភិញ្ញា ៦ និង​មាន​ឈាន ទ្រង់​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ស្វែងរក​សេចក្តី​ចម្រើន​ដល់​ខ្ញុំ បាន​ធ្វើ​ពុទ្ធដំណើរ​មករ​កខ្ញុំ។ កាលនោះ ខ្ញុំ​បានឃើញ​ព្រះសយម្ភូ ជា​លោកនាយក ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ទើប​កាច់​ផ្កាឈូក​ត្រង់​ទង បោះ​ឡើង​ទៅ​នាអាកាស។ ខ្ញុំ​ប្រកាស​ថា បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ បើ​ព្រះអង្គ​ជា​ព្រះពុទ្ធ ជា​ច្បង​ក្នុង​លោក ប្រសើរ​ជាង​ពួក​នរជន​មែន សូម​ផ្កាឈូក​ទាំង​នុ៎ះ​អណែ្ត​តទៅ​ឯង សូម​ផ្កាឈូក​ទាំង​នុ៎ះ បាំង​ពី​ខាងលើ​ព្រះ​សិរ្សៈ (របស់​ព្រះអង្គ) ចុះ។ ព្រះសម្ពុទ្ធ​ទ្រង់​មាន​ព្យាយាម​ធំ ជា​ច្បង​ក្នុង​លោក​ប្រសើរ​ជាង​ពួក​នរជន ទ្រង់​អធិដ្ឋាន​ហើយ ផ្កាឈូក​ទាំងនោះ ក៏​បាំង​ពី​ខាងលើ​ព្រះ​សិរ្សៈ​នៃ​ព្រះអង្គ ដោយ​ពុទ្ធា​នុ​ភាព។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637643040667790494
ទៅកាន់ទំព័រ៖