ព្រះត្រៃបិដក ភាគ ៧៤

ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើ​នោះ​ផង ដោយ​ការ​តាំង​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះ​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ វិមាន​ដែល​បុញ្ញកម្ម​តាក់តែង​ល្អ​ហើយ​សម្រាប់​ខ្ញុំ ក្នុង​ឋាន​តាវត្តិង្ស​នោះ គេ​ហៅថា​សត្ត​បត្តៈ មាន​កំពស់ ៦០ យោជន៍ មាន​ទំហំ ៣០ យោជន៍ ខ្ញុំ​បាន​កើតជា​ព្រះឥន្ទ សោយ​ទេវ​រាជ្យ​អស់​មួយ​ពាន់​ដង កើតជា​សេ្តច​ចក្រពត្តិ អស់ ៧៥ ដង។ ខ្ញុំ​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប ខ្ញុំ​សោយ​នូវ​កុសលកម្ម​របស់​ខ្លួន ដែល​ខ្លួន​ធ្វើ​ទុក​ល្អ​ហើយ​ក្នុង​កាល​មុខ។ ខ្ញុំ​សោយ​សម្បត្តិ​ទាំងឡាយ ដោយ​ការ​ថ្វាយ​នូវ​ផ្កាឈូក​មួយ​នោះ​ឯង ទាំង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​របស់​ព្រះមានព្រះភាគ ព្រះនាម​ព្រះ​គោតម។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​អស់ហើយ ភព​ទាំងឡាយ ខ្ញុំ​បាន​គាល់​រំលើង​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​ផ្តាច់​ខ្សែ​ទន្លីង​ដូច្នោះឯង។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្កាឈូក​មួយ។
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637643040930603611
ទៅកាន់ទំព័រ៖