ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំមានចិត្តខ្ពស់ឯក មានចិត្តរីករាយ មានចិត្តស្រស់ស្រាយដោយបីតិ បានប្រទូលលើក្បាលនូវផ្កាឧប្បល ៣ ថ្វាយព្រះអង្គ។ លុះខ្ញុំបូជាផ្កាទាំងឡាយ ចំពោះព្រះមហេសី ព្រះនាមវិបស្សីរួចហើយ ជាអ្នកមានសេចក្តីគោរព បែរមុខឆ្ពោះទៅកាន់ទិសឧត្តរ ដើរចេញទៅ។ ខ្ញុំកំពុងមានចិត្តជ្រះថ្លា ដើរត្រឡប់ថយក្រោយ ក៏ធ្លាក់ទៅក្នុងជ្រោះភ្នំ ដល់នូវការអស់ទៅនៃជីវិត ដោយកុសលកម្មដែលខ្ញុំបានធ្វើនោះផង ដោយការតាំងចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំបានសោយរាជ្យ អស់ ៣០០ ដង បានកើតជាស្តេចចក្រពត្តិ អស់ ៥០០ ដង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643042109352845
ទៅកាន់ទំព័រ៖