ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានសោយសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមគោតម។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ ជាអ្នកមិនមានឧបធិ មិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីងរួចហើយដូច្នោះឯង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនឡាគារិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ
ចប់ នឡាគារិកត្ថេរាបទាន។
ចម្បកបុប្ផិយត្ថេរាបទាន ទី៦
[៤៦] មានភ្នំមួយឈ្មោះឆាបលៈ នៅជិតព្រៃហិមពាន្ត ព្រះពុទ្ធព្រះនាមសុទស្សនៈ ស្តេចគង់ត្រង់ចន្លោះភ្នំ។ កាលនោះ ខ្ញុំកាន់យកផ្កាមានសម្បុរដូចមាស ហើយហោះទៅតាមអាកាស បានឃើញព្រះសម្ពុទ្ធ ដែលប្រាសចាកធូលីគឺកិលេស ស្តេចទ្រង់ឆ្លងឱឃៈហើយ ទ្រង់មិនមានអាសវៈ។
ID: 637643043406697039
ទៅកាន់ទំព័រ៖