ព្រះត្រៃបិដក ភាគ ៧៤
កក្ការុបុប្ផិយត្ថេរាបទាន ទី២
[៦២] ខ្ញុំចេញអំពីទេវលោកជាន់យាមៈ មកក្នុងទីនេះ បានឃើញព្រះគោតម ជាសិរិវច្ឆយគោត្រ ហើយយកផ្កាត្រឡាចបូជាដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកក្ការុបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កក្ការុបុប្ផិយត្ថេរាបទាន។
ភិសមុឡាលទាយកត្ថេរាបទាន ទី៣
[៦៣] ព្រះសម្ពុទ្ធព្រះនាមផុស្សៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក ទ្រង់ប្រកបដោយបញ្ញា បានស្តេចមកក្នុងសំណាក់របស់ខ្ញុំ។ ខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះជិនស្រី ព្រះអង្គប្រកបដោយមហាករុណានោះហើយ បានយកក្រអៅឈូកថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។
ID: 637643049732009441
ទៅកាន់ទំព័រ៖