ព្រះត្រៃបិដក ភាគ ៧៤

សុត្តន្ត​បិដក
ខុទ្ទកនិកាយ អបទាន
តតិយ​ភាគ
---
បទុម​កេសរិ​យវគ្គ ទី៣១
បទុម​កេសរិ​យត្ថេ​រាប​ទាន ទី១
 [១] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ដំរី​ឈ្មោះ​មា​តង្គៈ នៅ​ជិត​ពួក​ឥសី បាន​រោយរាយ​កេសរផ្កា​ឈូក ដោយចិត្ត​ជ្រះថ្លា ថ្វាយ​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ដែល​ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ ទ្រង់​ឈ្នះ​មារ​ដ៏​ប្រសើរ ទ្រង់​មាន​រាគៈ​កំចាត់​បង់​ហើយ ប្រកបដោយ​តា​ទិ​គុណ ហើយ​បាន​រីករាយ​ក្នុង​ឋានសួគ៌​អស់ ១ កប្ប។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​រោយ​កេសរផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ទំព័រទី ១ | បន្ទាប់
ID: 637643013779973188
ទៅកាន់ទំព័រ៖