ព្រះត្រៃបិដក ភាគ ៧៤

បត្តិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [៧៤] វេលា​ដែល​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ បរិនិព្វាន​ហើយ ពួក​ជន​ទាំងអស់​នោះ នាំគ្នា​មក​ប្រជុំ រំកិល​នូវ​ព្រះ​សរីរៈ កាល​កំពុង​រំកិល​ព្រះ​សរិ​រៈ កំពុង​វាយ​ស្គរ (លាន់ឮ​គឹកកង​រំពង) ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​ផ្កា ជា​ចំណែក​បុណ្យ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ព្រះ​សរីរៈ ឱ! ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​តើ​ហ៎្ន វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា​ខ្ញុំ​បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង​ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637643066936071612
ទៅកាន់ទំព័រ៖