ព្រះត្រៃបិដក ភាគ ៧៤

ផា​រុ​សផល​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៨៥] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​វណ្ណៈ​ដូច​មាស ព្រះអង្គ​គួរ​ទទួល​នូវ​គ្រឿង​សក្ការៈ ដែល​ពួក​ជន​នាំមក​បូជា កំពុង​ស្តេច​ទៅ​ក្នុង​ច្រក ហើយ​ខ្ញុំ​ប្រគេន​ផ្លែ​មាក់ប្រាង។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​តើ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ផា​រុ​សផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផា​រុ​សផល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637643071532321948
ទៅកាន់ទំព័រ៖