ព្រះត្រៃបិដក ភាគ ៧៤

បុព្វកម្ម​បិ​លោ​តិ នាម ពុទ្ធា​បទាន ទី១០


 [៩០] ព្រះ​លោកនាយក មាន​ភិក្ខុសង្ឃ​ច្រើន​ចោមរោម ទ្រង់​គង់​លើ​ផ្ទៃ​នៃ​ថ្ម ជាទី​រីករាយ ជិត​ស្រះ​អនោតត្ត រុងរឿង​ដោយ​រត​នៈ​ផ្សេងៗ ក្នុង​ចន្លោះ​នៃ​ព្រៃ មាន​ក្លិន​ផ្កា​ផ្សេងៗ ទ្រង់ព្យាករ​នូវ​បុព្វកម្ម​របស់​ព្រះអង្គ ក្នុង​ទីនោះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរ​ស្តាប់​នូវ​អំពើ​របស់​តថាគត​ដែល​បាន​ធ្វើ​ទុក​មក​ហើយ ដូចតទៅ​នេះ តថាគត​បានឃើញ​នូវ​ភិក្ខុ​មួយ​រូប​នៅក្នុង​ព្រៃ ហើយ​បាន​ប្រគេន​កំណាត់សំពត់។ ក្នុង​កាលនោះ តថាគត​បាន​ប្រាថ្នា​ជា​ព្រះសម្ពុទ្ធ​ជាដំបូង​ដើម្បី​ការ​ត្រាស់​ដឹង ឯសេចក្តី​ប្រាថ្នា​នោះ ក៏​ឲ្យផល​ក្នុង​ការបាន​ត្រាស់​ជា​ព្រះពុទ្ធ ដោយអំណាច​នៃ​បិ​លោ​តិ​កម្ម។ ក្នុង​កាលមុន តថាគត​កើតជា​នាយ​គោបាល កៀង​មេគោ​ទៅកាន់​ទីគោ​ចរ បានឃើញ​មេគោ​កំពុង​ផឹកទឹក​ល្អក់ ហើយ​ដេញចេញ។ ដោយ​វិបាក​នៃ​កម្ម​នោះ ក្នុង​បច្ឆិមភព​នេះ តថាគត​ស្រេកទឹក ហើយ​មិនបាន​ផឹក​ដូចសេចក្តី​ប្រាថ្នា។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637643073669821934
ទៅកាន់ទំព័រ៖