ព្រះត្រៃបិដក ភាគ ៧៤
សេលត្ថេរាបទាន ទី២
[៩២] ខ្ញុំជាម្ចាស់ថ្នល់ នៅក្នុងនគរហង្សវតី ប្រមូលពួកញាតិរបស់ខ្ញុំមក ហើយពោលពាក្យនេះថា ព្រះពុទ្ធជាបុញ្ញក្ខេត្តដ៏ប្រសើរ កើតហើយក្នុងលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជារបស់សត្វលោកទាំងពួង។ ពួកក្សត្រ ពួកអ្នកនិគម និងពួកព្រាហ្មណមហាសាល មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពលដំរី ពលសេះ ពលរថ ពលថ្មើរជើង មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកឧគ្គជន (ម្តាយជាសូទ្រៈ ឪពុកជាក្សត្រ) ពួករាជបុត្រ ពួកវេស្សៈ និងពួកព្រាហ្មណ៍ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកអ្នកដាំស្ល អ្នកគ្រួ អ្នកកាត់សក់ និងអ្នកធ្វើកម្រងផ្កា មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកជាងជ្រលក់ ជាងតម្បាញ ជាងដេរប៉ាក់ និងស្រីអ្នកកាត់សក់ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។
ID: 637643083272790348
ទៅកាន់ទំព័រ៖