ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះសត្តបទុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំនេះ ដោយប្រការដូច្នេះ។
ចប់ សត្តបទុមិយត្ថេរាបទាន។
បុប្ផាសនទាយកត្ថេរាបទាន ទី៥
[១៥] (ខ្ញុំបានឃើញ) នូវព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ទ្រង់ឈ្នះមារ ទ្រង់មានសម្បុរដូចមាស ឬដូចព្រះអាទិត្យមានរស្មីច្រើន ដែលស្តេចយាងក្នុងទីជិតខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លាបានក្រោកទទួលព្រះសម្ពុទ្ធអង្គនោះ ហើយនិមន្តឲ្យស្តេចចូលទៅឯអាស្រម ហើយថ្វាយអាសនៈផ្កា។ កាលនោះ ខ្ញុំមានសេចក្តីរីករាយកើតឡើង ទើបផ្គងអញ្ជលី ធ្វើចិត្តឲ្យជ្រះថ្លាចំពោះព្រះពុទ្ធ ហើយបង្អោនចិត្តទៅរកអំពើនោះថា បុណ្យណា ដែលខ្ញុំបានធ្វើហើយ ចំពោះព្រះសយម្ភូ ទ្រង់ឈ្នះមារ ខ្ញុំសូមឲ្យជាអ្នកប្រាសចាកមន្ទិល ក្នុងព្រះពុទ្ធសាសនាដោយកុសលកម្មទាំងអស់នោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយអាសនៈផ្កា។
ID: 637643023804973315
ទៅកាន់ទំព័រ៖