ព្រះត្រៃបិដក ភាគ ៧៤
សព្វកិត្តិកត្ថេរាបទាន ទី៣
[៩៣] ខ្ញុំបានឃើញព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់ភ្លឺដូចឈើប្រចាំទ្វីប ភ្លឺច្រាលដូចផ្កាយព្រឹក ពុំនោះ ដូចផ្លេកបន្ទោរឰដ៏អាកាស។ ព្រះអង្គមិនខ្លាច មិនតក់ស្លុត ដូចកេសររាជសីហ៍ជាស្តេចម្រឹគ ទ្រង់ប្រកាសនូវពន្លឺគឺញាណ ទ្រង់ញាំញីនូវពួកតិរិ្ថយ។ ទ្រង់ស្រង់នូវសត្វលោកនេះ ទ្រង់ផ្តាច់បង់នូវសេចក្តីសង្ស័យទាំងអស់ មិនខ្លាចដូចស្តេចម្រឹគ។ ខ្ញុំជាព្រាហ្មណ៍ អ្នកទ្រទ្រង់នូវជដា និងស្បែកខ្លា មានចិត្តត្រង់ មានព្យាយាម បានកាន់យកនូវសំពត់សម្បកឈើ ទៅក្រាលទៀបបាទមូល។ បានយកខ្លឹមក្លាំពាក់ទៅលាបព្រះតថាគត លុះលាបព្រះសម្ពុទ្ធហើយ បានសរសើរព្រះលោកនាយក ដូច្នេះថា
បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់ស្រង់នូវសត្វលោកនេះ ទ្រង់បានឆ្លងនូវឱឃធម៌ ទ្រង់ធ្វើញាណដ៏ប្រសើរឧត្តម ឲ្យភ្លឺដោយពន្លឺ គឺញាណ។ ព្រះអង្គញុំាងធម្មចក្រឲ្យប្រព្រឹត្តទៅក្នុងលោក ទ្រង់ញាំញីនូវអន្យតិរិ្ថយ ជាបុគ្គលប្រសើរ ទ្រង់ឈ្នះសង្រ្គាម ទ្រង់ញុំាងផែនដីឲ្យកម្រើក។
ID: 637643087070915658
ទៅកាន់ទំព័រ៖