ព្រះត្រៃបិដក ភាគ ៧៤
ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងអស់របស់ខ្ញុំអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើចប់ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសព្វកិត្តិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សព្វកិត្តិកត្ថេរាបទាន។
មធុទាយកត្ថេរាបទាន ទី៤
[៩៤] អាស្រមបរមសាលារបស់ខ្ញុំ ជាងបានស្ថាបនាល្អហើយ ទៀបឆ្នេរទន្លេឈ្មោះសិន្ធុ ខ្ញុំបានឲ្យពួកសិស្សរៀនគម្ពីរឥតិហាសៈ ព្រមទាំងលក្ខណៈ ក្នុងអាស្រមនោះ។
ID: 637643088197946573
ទៅកាន់ទំព័រ៖