ព្រះត្រៃបិដក ភាគ ៧៤
បទុមកូដាគារិកត្ថេរាបទាន ទី៥
[៩៥] ព្រះភគវន្តសម្ពុទ្ធ ព្រះនាមបិយទស្សី ទ្រង់ត្រាស់ដឹងឯង ទ្រង់ជានាយកនៃសត្វលោក ទ្រង់ប្រាថ្នានូសេចក្តីស្ងប់ស្ងាត់ ជាអ្នកប្រាជ្ញឆ្លៀវឆ្លាសក្នុងសមាធិ។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាបុរសខ្ពង់ខ្ពស់ ទ្រង់ចូលទៅកាន់ដងព្រៃ ទ្រង់ក្រាលនូវចីវរបំសុកូល ហើយគង់នៅហើយ។ ក្នុងកាលនោះ ខ្ញុំបានកើតជាព្រានម្រឹគ ខ្ញុំកំពុងដើរស្វែងរកម្រឹគក្តាន់ ក្នុងព្រៃធំ។ ខ្ញុំបានឃើញក្នុងព្រៃនោះ នូវព្រះសម្ពុទ្ធ ទ្រង់ឆ្លងនូវឱឃៈ មិនមានអាសវៈ ដូចដើមសាលរាជព្រឹក្សមានផ្ការីក ឬដូចព្រះអាទិត្យដែលរះឡើង។ លុះខ្ញុំឃើញនូវព្រះបិយទស្សីសម្ពុទ្ធ ទ្រង់មានយសច្រើន ជាទេវតាកន្លងទេវតា ក្នុងកាលនោះ ខ្ញុំក៏ចុះកាន់ជាតស្រះហើយបេះផ្កាឈូក។ ខ្ញុំបេះនាំយកផ្កាឈូក ជាទីរីករាយនៃចិត្ត ហើយធ្វើនូវកូដាគារស្ថានប្រក់ដោយផ្កាឈូក។
ID: 637643089466540692
ទៅកាន់ទំព័រ៖