ព្រះត្រៃបិដក ភាគ ៧៤
នន្ទកត្ថេរាបទាន ទី៦
[១០៦] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ នៅក្នុងព្រៃធំ កំពុងស្វែងរកម្រឹគ ប្រើស ស្រាប់តែបានជួបព្រះសយម្ភូ។ គ្រានោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមអនុរុទ្ធ ទ្រង់ឈ្នះមារ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ប្រាថ្នានូវទីដ៏ស្ងប់ស្ងាត់ ស្តេចយាងចូលទៅក្នុងព្រៃ។ ខ្ញុំយកឈើ ៤ កំណាត់ មកបញ្ឈរទុកក្នុងទីជា ៤ ធ្វើបារាំដ៏វិចិត្រយ៉ាងល្អ ប្រក់ដោយផ្កាឈូកទាំងឡាយ។ ខ្ញុំប្រក់បារាំរួចហើយ ក៏ថ្វាយបង្គំព្រះសយម្ភូ គ្រវែងធ្នូចោលក្នុងទីនោះ ហើយចូលទៅកាន់ផ្នួស។ កាលខ្ញុំទើបតែនឹងបួស ខ្ញុំក៏មានព្យាធិកើតឡើង ខ្ញុំនឹកឃើញនូវបុព្វកម្ម ហើយធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំប្រកបដោយបុព្វកម្ម បានទៅកើតក្នុងឋានតុសិត វិមានជាវិការៈនៃមាស កើតឡើងតាមសេចក្តីបា្រថ្នា ក្នុងទីនោះ។
ID: 637643122296714376
ទៅកាន់ទំព័រ៖