ព្រះត្រៃបិដក ភាគ ៧៤
បានឮថា ព្រះជតុកណ្ណិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ជតុកណ្ណិកត្ថេរាបទាន។
ឧទេនត្ថេរាបទាន ទី១០
[១១០] មានភ្នំមួយឈ្មោះបទុម នៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយយ៉ាងល្អ ទាំងសាងបណ្ណសាលាមួយដ៏ល្អដែរ។ នៅជិតអាស្រមនោះ មានស្ទឹងដែលមានកំពង់ល្អ ជាទីរីករាយនៃចិត្ត ស្ទឹងទាំងនោះ មានទឹកថ្លា មានទឹកត្រជាក់ តែងហូរទៅសព្វៗកាល។ កាលនោះ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ ត្រីថ្ពិន ត្រីទាំងនុ៎ះ នៅក្នុងស្ទឹង នាំឲ្យល្អស្ទឹង។ ស្ទឹងនោះ ដ៏ដេរដាសដោយដើមស្វាយ ដើមព្រីង ដើមថ្ងាន់ ដើមដង្កៀបក្តាម ដើមរាជព្រឹក្ស និងដើមច្រនៀង នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមអង្កោល វល្លិបាស មានផ្ការីក ជាឈើធ្វើដូចជាមានកិច្ចកល មានក្លិនផ្សព្វផ្សាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមរំដួល ម្លិះរួត ខ្ទឹង រាំងភ្នំ មានផ្ការីក មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។ ដើមស្រូល ដើមស្រល់ ដើមក្ទម្ព មានផ្ការីក ដូចជាធ្លាក់មកក្នុងដៃ មានក្លិនជាទិព្វ សាយភាយទៅ នាំឲ្យល្អអាស្រមរបស់ខ្ញុំ។
ID: 637643129597183368
ទៅកាន់ទំព័រ៖