ព្រះត្រៃបិដក ភាគ ៧៤
យញ្ញសាមិកត្ថេរាបទាន ទី៤
[២៤] ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំកំណើត បានចេះចប់មន្ត បានទ្រទ្រង់វង្សត្រកូល ខ្ញុំបានលើកតម្កើងយញ្ញវិធី។ កាលនោះ ខ្ញុំនាំយកសត្វចិញ្ចឹម ៨ ម៉ឺន ៤ ពាន់មកចងក្រៀកនឹងសសរខ្លឹម បម្រុងទុកនឹងសម្លាប់បូជាយញ្ញ។ ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថ ទ្រង់ញុំាងប្រយោជន៍ទាំងអស់ឲ្យសម្រេច ទ្រង់ទម្លាក់ចោលនូវរបស់មិនជាប្រយោជន៍ក្នុងត្រៃលោក ទ្រង់ដូចជាមុខគប់ភ្លើងត្រូវខ្យល់បក់ ឬដូចរងើកឧសគគីរ ពុំនោះសោត ដូចព្រះអាទិត្យដែលទើបនឹងរះឡើង ឬដូចព្រះចន្ទពេញវង់ ទ្រង់ចូលមកជិតខ្ញុំ ហើយត្រាស់ព្រះពុទ្ធដីកានេះថា នែកុមារ ការមិនបៀតបៀនសត្វទាំងអស់ រមែងពេញចិត្តតថាគត ការវៀរចាកការលួច ការប្រព្រឹត្តិកន្លង (បរទារកកម្ម) និងការផឹកទឹកស្រវឹង ១ សេចក្តីត្រេកអរចំពោះការប្រព្រឹត្តិសើ្ម ១ ភាពជាពហុស្សូត ១ កតញ្ញុតា ១ ធម៌ទាំងនេះ បណ្ឌិតសរសើរក្នុងបច្ចុប្បន្ន ទាំងបរលោក។
ID: 637643027559816889
ទៅកាន់ទំព័រ៖