ព្រះត្រៃបិដក ភាគ ៧៤
បុប្ផច្ឆត្តិយត្ថេរាបទាន ទី៩
[២៩] កាលព្រះមានព្រះភាគព្រះនាមសិទ្ធត្ថ ជាច្បងក្នុងលោក ប្រកបដោយតាទិគុណ ទ្រង់ប្រកាសនូវសច្ចៈ ញុំាងពួកសត្វឲ្យរំលត់ទុក្ខ ខ្ញុំបានយកផ្កាឈូកដែលដុះក្នុងទឹក ជាទីរីករាយនៃចិត្ត ធ្វើជាឆត្រផ្កា ហើយបូជាព្រះសម្ពុទ្ធ។ ឯព្រះសាស្តា ព្រះនាមសិទ្ធត្ថ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់គួរទទួលនូវគ្រឿងបូជា ទ្រង់ឋិតនៅក្នុងពួកភិក្ខុ ហើយសម្តែងនូវគាថាទាំងនេះថា បុគ្គលណា ញុំាងចិត្តឲ្យជ្រះថ្លា បានបាំងឆត្រផ្កាថ្វាយតថាគត បុគ្គលនោះ រមែងមិនទៅកាន់ទុគ្គតិ ដោយចិត្តជ្រះថ្លានោះឡើយ។ លុះព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថ ជាលោកនាយក ទ្រង់ត្រាស់គាថានេះហើយ ទ្រង់បញ្ជូនបរិស័ទទៅ រួចហើយស្តេចពុទ្ធដំណើរទៅកាន់អាកាស ដែលជាទីរីករាយនៃសត្វស្លាប។ កាលព្រះសម្ពុទ្ធ ជាទេវតារបស់មនុស្ស ទ្រង់ក្រោកឡើង ស្វេតច្ឆត្រក៏អណ្តែតឡើង ឆត្រដ៏ឧត្តមបានអណ្តែតទៅពីខាងមុខព្រះសម្ពុទ្ធដ៏ប្រសើរ។
ID: 637643031281379797
ទៅកាន់ទំព័រ៖