ព្រះត្រៃបិដក ភាគ ៧៤

គន្ធោ​ទក​វគ្គ ទី៣៤
គន្ធ​ធូ​បិ​យត្ថេ​រាប​ទាន ទី១


 [៣១] ខ្ញុំ​បាន​ថ្វាយ​ធូបក្រអូប ដល់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថ ឯធូបក្រអូប​នោះ ស្រោប​ដោយ​ផ្កាម្លិះ ជា​របស់​សមគួរ​ដល់​ព្រះពុទ្ធ។ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ​ជា​អគ្គនាយក​ក្នុង​លោក ប្រា​កដ​សើ្ម​ដោយ​ចេតិយ​មាស ទ្រង់​រុងរឿង​ដូច​រាជព្រឹក្ស ឬដូច​ភ្លើង​កំពុង​ឆេះ ទ្រង់​អង់អាច​ក្រៃលែង​ដូចជា​ខ្លាធំ ឬដូច​កេសរ​រាជសីហ៍ ជា​អភិជាត ព្រះអង្គ​ប្រសើរ​ជាង​ពួង​សមណៈ មាន​ភិក្ខុសង្ឃ​ចោមរោម ទ្រង់​កំពុង​គង់នៅ។ លុះ​ខ្ញុំ​ឃើញ​ហើយ ក៏​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា ផ្គង​អញ្ជលី ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះ​សាស្តា បែរមុខ​ទៅកាន់​ទិសឧត្តរ ហើយ​ចៀសចេញ​ទៅ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​គ្រឿងក្រអូប ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​គ្រឿងក្រអូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637643032949504899
ទៅកាន់ទំព័រ៖